Home » » បុរស​ខ្មែរ​ម្នាក់​ត្រូវ​ថៃ​ចាប់​ដោយ​ចោទ​ថា​ពាក់ព័ន្ធ​ករណី​ប្លន់​សម្លាប់​មនុស្ស

បុរស​ខ្មែរ​ម្នាក់​ត្រូវ​ថៃ​ចាប់​ដោយ​ចោទ​ថា​ពាក់ព័ន្ធ​ករណី​ប្លន់​សម្លាប់​មនុស្ស

Written By vibykhmer on Wednesday, July 15, 2009 | 3:50 AM

PHOTO HERE

អាជ្ញាធរ​ថៃ​បាន​ចាប់​ឃុំ​ខ្លួន​បុរស​ខ្មែរ​ម្នាក់​ដោយ​ចោទ​ថា បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ប្លន់​សម្លាប់​ជនជាតិ​ថៃ​ម្នាក់​កាលពី​អំឡុង ​ឆ្នាំ​២០០៨ ប៉ុន្តែ​អាជ្ញាធរ​ខ្មែរ​ថ្លែង​បញ្ជាក់​ថា បុរស​ខ្មែរ​ដែល​ថៃ​បាន​ចាប់​ខ្លួន​នោះ​គឺ​មិន​ពាក់ព័ន្ធ​ក្នុង​អំពើ​ប្លន់​ សម្លាប់​ថៃ​ទេ តែ​ជា​អ្នក​រងគ្រោះ​ជំនួស​ឃាតករ​ពិត។

មេ​ភូមិ​ទំនប់ដាច់ លោក ជា វ៉ាន់នី បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៤ ខែ​កក្កដា ថា បុរស​ឈ្មោះ ជីន ជី អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ទំនប់ដាច់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​១០ ខែ​កក្កដា នៅ​ភូមិ​អាងសិលា ឃុំ​គោកធ្យូង ស្រុក​តាបព្រះយ៉ា ខេត្ត​ស្រះកែវ​ថៃ ក្រោយ​ពី​បុរស​រូប​នោះ​ត្រូវ​បាន​ថៃ​ហៅ​តាម​ទូរស័ព្ទ​ថា​មាន​ការងារ​ឲ្យ​ ធ្វើ។

លោក ជា វ៉ាន់នី បាន​ឲ្យ​ដឹង​ថា ៖ «គាត់​ចូល​ទៅ​តាម​ពី​ខាង​ភូមិ​ទំនប់​ដាច់​ទៅ គេ​ចាប់​នៅ​លើ​ទឹក​ដី​ថៃ។ ប្រពន្ធ​ដឹង​ក៏​មក​រាយការណ៍​ឲ្យ​ខ្ញុំ»។

លោក​មេ​ភូមិ​បន្ត​ថា ការចាប់​ខ្លួន​នោះ​គឺ​អាជ្ញាធរ​ថៃ​សំអាង​ថា បុរស ជីន ជី បាន​ប្រើប្រាស់​លេខ​ទូរស័ព្ទ​របស់​ប្រទេស​ថៃ ដែល​លេខ​ទូរស័ព្ទ​នោះ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ប្លន់​អារ​ក​សម្លាប់​ បុរស​ជា​ថៅកែ​ជនជាតិ​ថៃ​យក​ប្រាក់​មួយ​ដែល​គេ​មិន​ស្គាល់​ឈ្មោះ​កាលពី​អំឡុង ​ពាក់​កណ្តាល​ឆ្នាំ​២០០៨​នៅ​ក្នុង​ខេត្ត​ស្រះកែវ។

អ្នក​ភូមិ​ឈ្មោះ វង់ សុជាតិ បាន​ដកស្រង់​សម្ដី លោកស្រី ទី រី ប្រពន្ធ​បុរស​ឈ្មោះ ជីន ជី មក​បញ្ជាក់​ថា ឈ្មោះ ជី គូលេន អាយុ​ជាង​៤០​ឆ្នាំ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់​សម្លាប់​ជនជាតិ​ថៃ បាន​ប្រគល់​លេខ​ទូរស័ព្ទ​ឲ្យ​ឈ្មោះ ជីន ជី ប្រើប្រាស់​កាលពី​ពេល​ថ្មីៗ​នេះ ហើយ​ប្រាប់​ថា បើ​ចង់​រក​ការងារ​ធ្វើ​ឲ្យ​ទូរស័ព្ទ​ទៅ​លេខ​ថៅកែ​ថៃ។

ស្ត្រី​ឈ្មោះ វង់ សុជាតិ បាន​បញ្ជាក់​ថា ៖ «ហើយ​ពូ​ដែល​សម្លាប់​គេ​ មុន និយាយ​ថា បើ​សិន​ជា​ចង់​បាន​ការងារ​ធ្វើ​អ៊ីចឹង​ឲ្យ​ចុច​ទៅ​លេខ​ទូរស័ព្ទ​ថៃ​នេះ​ទៅ។ ពូ​ជី​គាត់​ចុច​ទៅ ជាប់​ដាន​គេ​ត្រង់​ហ្នឹង​ឯង»។

ប្រភព​បាន​បន្ត​ថា ប្រពន្ធ​បុរស​ឈ្មោះ ជីន ជី ក្រៅ​ពី​រៀបរាប់​ខាង​លើ គាត់​មិន​បាន​ចាំ​លេខ​ទូរស័ព្ទ​ដែល​ប្តី​របស់​ខ្លួន​បាន​ប្រើប្រាស់​ទេ។

ទាក់ទង​ករណី​ខាង​លើ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ភាគី​ថៃ​ដើម្បី​សុំ​ការបញ្ជាក់​បន្ថែម​បាន ​ទេ ប៉ុន្តែ​មេ​ឃុំ​អូរបីជាន់ លោក សួង មឿន បាន​ថ្លែង​ថា បុរស​ឈ្មោះ ជីន ជី បាន​ទទួល​រងគ្រោះ​ដោយសារ​តែ​ការប្រើប្រាស់​លេខ​ទូរស័ព្ទ​របស់​ឈ្មោះ ជី គូលេន។

លោក​បន្ត​ថា ខាង​ឃុំ​នឹង​ផ្តល់​ដំណឹង​នេះ​ទៅ​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​ថៃ​ នៅ​ក្រុង​ប៉ោយប៉ែត ដើម្បី​ឲ្យ​អន្តរាគមន៍​ទៅ​ភាគី​ថៃ​ដើម្បី​ដោះលែង​បុរស​ខ្មែរ​រូប​នោះ​មក​ វិញ។

លោក សួង មឿន បាន​មាន​ប្រសាសន៍​ថា ៖ «សម្រាប់​គ្រួសារ​ឲ្យ​គាត់​ធ្វើ​ពាក្យ​ផ្តិត​មេ​ដៃ​ដើម្បី​ខ្ញុំ​យក​ទៅ​ឆ្លង​យោបល់​ខាង​គណៈកម្មការ​ព្រំដែន​កម្ពុជា​ថៃ​នៅ​ប៉ោយប៉ែត»។

គួរ​បញ្ជាក់​ថា កាលពី​ខែ​ឧសភា ឆ្នាំ​២០០៩​នេះ បុរស​ខ្មែរ​ពីរ​នាក់ ម្នាក់​ឈ្មោះ ឡេង សង់វ៉ាន អាយុ​២០​ឆ្នាំ ឈ្មោះ ម៉ិត សាម៉េត អាយុ​២៩​ឆ្នាំ រស់នៅ​ឃុំ​អូរបីជាន់ ក៏​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ឃុំ​ខ្លួន ដោយ​ចោទ​ថា​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​លួច​ម៉ូតូ​ខណៈ​ដែល​បុរស​ ខ្មែរ​ទាំង​ពីរ​បាន​ខ្ចី​ម៉ូតូ​គេ​ជិះ​ចូល​តាម​ច្រក​អូរបីជាន់។

ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន​ខ្មែរ​បាន​បញ្ជាក់​ថា បុរស​ពីរ​នាក់​ខាង​លើ និង​ឈ្មោះ ជិន ជី ដែល​ត្រូវ​ថៃ​ចាប់​ខ្លួន​នោះ បច្ចុប្បន្ន​ត្រូវ​បាន​ថៃ​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ក្នុង​ខេត្ត​ ស្រះកែវ៕


0 comments:

Post a Comment