Home » » ស្ថានភាព​ទេសចរណ៍​និង​បរិស្ថាន​នៅ​តំបន់​អភិរក្ស​ផ្សោត​នៅ​ក្រចេះ

ស្ថានភាព​ទេសចរណ៍​និង​បរិស្ថាន​នៅ​តំបន់​អភិរក្ស​ផ្សោត​នៅ​ក្រចេះ

Written By vibykhmer on Wednesday, July 15, 2009 | 3:52 AM

មន្ត្រី​នៃ​សមាគម​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​ជនបទ​កម្ពុជា (KAFDOC) បាន​សុំ​ឲ្យ​មន្រ្តី​ទេសចរណ៍​ខេត្ត​ក្រចេះ​ចាប់​ផ្តើម​ពង្រឹង​វិស័យ​នេះ​ឡើង ​វិញ ពិសេស​តំបន់​អភិរក្ស​សត្វ​ផ្សោត ព្រោះ​លោក​បាន​ទទួល​របាយ​ការណ៍​មក​ថា​មាន​សត្វ​ផ្សោត​ស្លាប់​កន្លង​មក ដោយសារ​តែ​ការ​ថែ​រក្សា​បរិស្ថាន​ទឹក​មិន​បាន​ល្អ ហើយ​ថា​ទេសចរ​ឆ្នាំ​នេះ​មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​ទៅ។
ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ក្រចេះ គឺ​លោក អៀ ម៉ុងដែន បាន​ឲ្យ​ដឹង​ថា ទេសចរណ៍​ដែល​មក​ទស្សនា​ជា​សំខាន់​នៅ​ខេត្ត​ក្រចេះ​គឺ​សត្វ​ផ្សោត​ដែល​ជា​ អម្បូរ​ត្រី​ទឹក​សាប​ដ៏​កម្រ​ស្ទើរ​បាត់​ពូជ​ទៅ​ហើយ​នោះ។

លោក អៀ ម៉ុងដែន អះអាង​ថា ការ​ថយ​ចុះ​នៃ​ទេសចរណ៍​ក្នុង​ឆ្នាំ​នេះ​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​សភាព​ការណ៍​ពិភព​លោក​ផង​ដែរ ៖ «ឆ្នាំ ​ទៅ​ដូច​ធ្លាក់ ៤% ដូច ១​ម៉ឺន​២​ពាន់​ជាង ក្រោម ១​ម៉ឺន​៣​ពាន់ គ្រាន់​ថា​ធ្លាក់ ៤% មក​វិញ។ ពិបាក​និយាយ​ណាស់​អា​ហ្នឹង​វា​យោង​ទៅ​លើ​សភាពការណ៍​រួម​តែ​ម្ដង។ បើ​ភ្ញៀវ​នៅ​ក្រចេះ​វា​ច្រើន​តែ​ភ្ញៀវ​ពួក​អឺរ៉ុប​ដែល​មក​មើល​ផ្សោត ដល់​តែ​មក​ជួប​វិបត្តិ​ហិរញ្ញ​វត្ថុ ហើយ​វា​បូក​ផ្សំ វា​ជះ​ឥទ្ធិពល​រួម​មក​តែ​ម្ដង ខ្ញុំ​ដូច​ពិបាក​និយាយ​ដែរ»។

ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​បញ្ជាក់​បន្ថែម​ថា ក្រុម​អភិរក្ស​បាន​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ណាស់ ដោយ​មិន​អាច​បន្ទោស​ថា ទេសចរណ៍​ធ្លាក់​ចុះ​ដោយសារ​បរិស្ថាន​ទឹក​មាន​ការ​បំពុល ឬ​ការ​គ្រប់គ្រង​មិន​ដិត​ដល់​បាន​ឡើយ។

ប្រធាន​ខណ្ឌ​ជលផល​ខេត្ត​គឺ​លោក សៀន គិន បាន​ឲ្យ​ដឹង​ថា មាន​ការ​រិះគន់​ខ្លះ​ថា​មាន​សត្វ​ផ្សោត​ស្លាប់​កន្លង​មក​ដោយសារ​តែ​ការ​ថែ​ រក្សា​បរិស្ថាន​ទឹក​មិន​បាន​ល្អ ប៉ុន្តែ​លោក​បាន​បដិសេធ​ដោយ​លើក​ឡើង​ថា ចាប់​ពី​ខែ​មករា ដល់​ខែ​មីនា មាន​កូន​ផ្សោត​ចំនួន​បី​ក្បាល​បាន​ស្លាប់​ដោយសារ​ជាប់​មង​របស់​ប្រជា​ពលរដ្ឋ ​ដែល​ខ្វះ​ការ​យល់​ដឹង​ក្នុង​ការ​អភិរក្ស​សត្វ​ផ្សោត​ដ៏​កម្រ​នេះ។

លោក សៀន គិន ថ្លែង​យ៉ាង​ដូច្នេះ ៖ «ការ​ស្លាប់​ហ្នឹង​តិច​បំផុត ឆ្នាំ​នេះ​តែ​បី​ក្បាល តាំង​ពី​ដើម​ឆ្នាំ​មក​ដល់​ពេល​នេះ។ ស្លាប់​ដោយសារ​មង ផ្សោត​មាន​ចំនួន​តូចៗ​ដែរ ជាប់​ហ្នឹង​គឺ​វា​ស៊ី​ចំណី​នៅ​ទឹក​រាក់ ដល់​ពេល​ធំៗ​វា​ស៊ី​ចំណី​ទឹក​ជ្រៅ។ ទឹក​ជ្រៅ​វា​គេច​ផុត តែ​ដោយសារ​ភាព​ចន្លោះ​ប្រហោង ហើយ​មាន​បង​ប្អូន​ប្រជា​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ហ្នឹង គាត់​លួច​ដាក់​បន្តិច​បន្តួច​ក្នុង​ព្រៃ​តាម​តំបន់​មេគង្គ​លើ​ហ្នឹង ធ្វើ​ឲ្យ​ប៉ះពាល់​កូនៗ​ផ្សោត​ដែល​បាន​ស្លាប់ ៣​ក្បាល​ហ្នឹង»។

រមណីយដ្ឋាន​កាំពី នៅ​ខេត្ត​ក្រចេះ នា​ថ្ងៃ​ទី​១៤ មេសា ២០០៩ ត្រូវ​នឹង​ថ្ងៃ​ទី​១​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ។

លោក សៀន គិន បាន​បញ្ជាក់​បន្ថែម​ថា សត្វ​ផ្សោត​ប្រមាណ​ជាង​១៥០​ក្បាល​ដែល​កំពុង​រស់​នៅ​តាម​ដង​ទន្លេ​មេគង្គ​លើ​ ផ្ទៃ​ទឹក​ប្រមាណ ២០០​គីឡូ​ម៉ែត្រ​ពី​ខេត្ត​ក្រចេះ​ដល់​ព្រំ​ប្រទល់​ឡាវ ត្រូវ​បាន​គ្រប់គ្រង​យ៉ាង​តឹង​រ៉ឹង​បំផុត​ដោយ​គណៈកម្មការ​ប្រាំ​ស្ថាប័ន មាន​អាជ្ញាធរ​ដែន​ដី ជល​ផល ប៉េអឹម ប៉ូលិស​និង​សហគមន៍​មូល​ដ្ឋាន។

គណៈកម្មការ​ក៏​បាន​រៀបចំ​ការពារ​តំបន់​ហាម​ឃាត់​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ ប្រកប​របរ​នេសាទ​នៅ​តំបន់​ហាម​ឃាត់​ដើម្បី​ការពារ​សុវត្ថិភាព​សត្វ​ផ្សោត​ និង​រក្សា​ចំណី​សម្រាប់​សត្វ​ផ្សោត​ផង​ដែរ។

លោក សៀន គិន មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ​ថា ៖ «ទំនាក់​ទំនង​ជាមួយ NGO មូលដ្ឋាន NGO ហ្នឹង ដើម្បី​គាត់​ទៅ​ជួយ​បង្កើន​មុខ​របរ បញ្ចៀស​ការ​ធ្វើ​នេសាទ​ក្នុង​តំបន់​មេគង្គ​លើ។ ដោយសារ​ការ​ព្រួយ​បារម្ភ​នេះ​ហើយ ឯក​ឧត្ដម​មាន​យុទ្ធ​សាស្រ្ដ គឺ​ចាប់​ពី​តំបន់​ក្រចេះ​ឡើង​លើ អត់​ឲ្យ​ថា ការ​ធ្វើ​នេសាទ​ដោយ​មង ហើយ​អត់​ឲ្យ​បាំង​អូរ ដើម្បី​ឲ្យ​ត្រី​កើន​ឡើង​នៅ​តំបន់​អន្លង់​ត្រី​ដែល​ជា​អន្លង់​ត្រី​តំបន់​ មេគង្គ​ក្រចេះ​ទៅ​ស្ទឹង​ត្រែង ដើម្បី​ឲ្យ​ផ្សោត​ធ្វើ​ចំណី»។

ស្ត្រី​ដែល​មាន​លំនៅ​ក្បែរ​រមនីយដ្ឋាន​កាំពី​ជា​ជម្រក​សត្វ​ផ្សោត​បាន​ និយាយ​អំពី​ការ​ចាប់​អារម្មណ៍​របស់​ទេសចរ​នានា​ដែល​បាន​ទៅ​កាន់​ទី​សត្វ​ ផ្សោត​នោះ​ថា ចំពោះ​អ្នក​ខ្លះ​ដែល​ពុំ​ធ្លាប់​ស្គាល់​សត្វ​ផ្សោត​សោះ​នោះ មក​ហើយ​ហាក់​ដូច​ខំ​ប្រឹង​ពិនិត្យ​យ៉ាង​ដិត​ដល់​សម្បើម​ណាស់ ហាក់​ដូច​ជា​មិន​ចង់​ឲ្យ​ឃ្លាត ៖ «ចំពោះ​ពួក​គាត់ នៅ​ពេល​ដែល​ឃើញ​គាត់​មក​ហ្នឹង គាត់​តែង​តែ​រីក​រាយ ហើយ​ពេល​ត្រឡប់​ទៅ​វិញ គាត់​តែង​តែ​ទិញ​ជា​អនុស្សាវរីយ៍​ដូច​ជា​ផ្សោត​តាំង​លើ​តុ ឬ​ក៏​សម្រាប់​ជា​បន្តោង​សោ​ផ្សេងៗ​ទៅ​ដែរ។ ហើយ​ភាគ​ច្រើន ភ្ញៀវ​ចំណាយ​ពេល​យ៉ាង​ច្រើន​នៅ​ពេល​ដែល​គាត់​ជិះ​ទូក​ទៅ​មើល ដូច​ជា​មិន​ចង់​ឲ្យ​ម្ចាស់​ទូក​ត្រឡប់​ទៅ​វិញ​ទេ ចង់​នៅ​មើល​ផ្សោត​ហ្នឹង​ថែម​ទៀត»។

សត្វ​ផ្សោត​ជា​សត្វ​បំបៅ​កូន​ដោយ​ទឹក​ដោះ​រហូត​ដល់ ១៨​ខែ ទើប​លែង​បៅ​ហើយ​បី​ឆ្នាំ​ទើប​កូន​ម្តង។

មន្ត្រី​នៃ​អង្គការ KAFDOC គឺ​លោក ថាច់ មេត្រី បាន​លើក​ឡើង​ថា ទេសចរ​ថយ​ចុះ​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​សេដ្ឋកិច្ច​ពិភព​លោក ហើយ​ក៏​បណ្តាល​មក​ពី​ខេត្ត​ក្រចេះ​មិន​បាន​ពង្រីក​តំបន់​ទេសចរណ៍ ដែល​នៅ​សេស​សល់​ផ្សេង​ទៀត​ធ្វើ​ឲ្យ​ទេសចរ​ដែល​ចំណាយ​ប្រាក់​ច្រើន​អាច​មក​ មើល​បាន​តែ​សត្វ​ផ្សោត​មួយ​មុខ​ហើយ​ទៅ​វិញ ហើយ​ការ​ចំណាយ​ប្រាក់​លើ​សេវា​ផ្សេង​ពុំ​ទាន់​មាន​ការ​ត្រួត​ពិនិត្យ​បាន​ ល្អ​នៅ​ឡើយ។

លោក ថាច់ មេត្រី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «មើល​ទៅ​ដូច​ថា បណ្ដាល​មក​ពី​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែរ។ ក្នុង​នោះ​ដូច​ជា​ប្រជា​ពលរដ្ឋ​បម្រើ​សេវាកម្ម​មួយ​ចំនួន ដូច​ជា​ការ​លក់​ដូរ​អី​ជា​ដើម។ ហើយ​ការ​បម្រើ​សេវា​កម្ម​ដឹក​ជញ្ជូន​អី​ជា​ដើម​ហាក់​បី​ដូច​ជា​មិន​ទាន់​បាន ​គោរព​ទៅ​តាម​គោលការណ៍​ឲ្យ​បាន​ច្បាស់​លាស់ ជា​ពិសេស​ដូច​មាន​ការ​លក់​សោ​ឲ្យ​ភ្ញៀវ​អី​អ៊ីចឹង​ខ្លះ​ទៅ ការ​ដឹក​ជញ្ជូន​អី​ហ្នឹង​ក៏​មាន​ការ​យក​ថ្លៃ​លើស​ធម្មតា​អី​អ៊ីចឹង​ទៅ ក៏​វា​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​បាត់​បង់​នូវ​ចំនួន​ភ្ញៀវ​ទេសចរ​ពី​ មជ្ឈដ្ឋាន​ផ្សេងៗ​ដែរ។ ជាក់​ស្ដែង​មួយ​ទៀត គឺ​ដោយសារ​តែ​ខេត្ត​ក្រចេះ​របស់​យើង ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​រិះគន់​ថា មក​មើល​តែ​ផ្សោត​មួយ​មុខ ហើយ​វិល​ត្រឡប់​ទៅ​វិញ អ៊ីចឹង​ហើយ​បាន​ជា​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​ត្រូវ​ថយ​មែន បើ​យើង​ប្រៀប​ធៀប​ទៅ​នឹង​តំបន់​ផ្សេងៗ គេ​មិន​មែន​មាន​តែ​មួយ​មុខ​ដូច​នៅ​ក្រចេះ​អ៊ីចឹង​ទេ»។

លោក ថាច់ មេត្រី បាន​បញ្ជាក់​ថា ទេសចរ​ជា​វិស័យ​មួយ​ដែល​ងាយ​ប្រមូល​ថវិកា​ណាស់ បើ​សិន​ជា​ការ​រៀបចំ​ទៅ​មាន​ការ​អភិវឌ្ឍ​បាន​ល្អ​សមរម្យ​ដូច​ជា​តំបន់​សត្វ​ ផ្សោត​ជា​ដើម​ដែល​ជា​កន្លែង​ងាយ​ស្រូប​យក​ប្រាក់​ជា​ទីបំផុត​ដោយ​លោក​សំអាង​ ថា ទេសចរ​បរទេស​គ្រាន់​តែ​ចំណាយ​ពេល​វេលា​ដើម្បី​ថត​រូប​សត្វ​ផ្សោត​តែ​ ប៉ុណ្ណោះ​ក៏​ត្រូវ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​មក​ខេត្ត​ក្រចេះ​ដែរ៕

From:

0 comments:

Post a Comment