Home » » អតីត​អនុ​ប្រធាន​គុក​ទួលស្លែង​បំភ្លឺ​ពី​ការសួរ​ចម្លើយ​ឈ្លើយ​សឹក​វៀតណាម

អតីត​អនុ​ប្រធាន​គុក​ទួលស្លែង​បំភ្លឺ​ពី​ការសួរ​ចម្លើយ​ឈ្លើយ​សឹក​វៀតណាម

Written By vibykhmer on Wednesday, July 15, 2009 | 3:58 AM

សាក្សី​ដ៏​សំខាន់​មួយ​រូប​និង​ជា​អតីត​មេ​កង​សួរ​ចម្លើយ​អ្នក​ទោស​នៅ​មន្ទីរ ​ស-២១ ឬ​គុក​ទួលស្លែង នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​បំភ្លឺ​អំពី​ការសួរ​ចម្លើយ​ឈ្លើយ​សឹក​វៀតណាម។
សាក្សី​អាយុ​៧៦​ឆ្នាំ លោក ម៉ម ណៃ ហៅ ចាន់ ដែល​ជា​អតីត​អនុ​ប្រធាន​គុក​ទួលស្លែង បាន​បំភ្លឺ​ដល់​ដល់​អង្គ​សវនាការ​អំពី​អ្វី​ដែល​លោក​បាន​ធ្វើ និង​ការទទួល​ខុស​ត្រូវ​របស់​លោក​នៅ​មន្ទីរ​ស-២១ ឬ​គុក​ទួលស្លែង បន្ទាប់​ពី​មាន​ការសាកសួរ​ពី​សំណាក់​សហ​ចៅក្រម​អន្តរជាតិ​នៃ​អង្គ​ជំនុំ​ ជម្រះ​របស់​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម គឺ​លោកស្រី Dame Silvia Cartwright កាលពី​ថ្ងៃ​អង្គារ ទី​១៤ ខែ​កក្កដា ដោយ​ផ្ដោត​ជា​ពិសេស​លើ​ការសួរ​ចម្លើយ​ចំពោះ​ឈ្លើយ​សឹក​វៀតណាម។

លោក ម៉ម ណៃ បាន​ឲ្យ​ដឹង​ថា ៖ «ការសួរ​ទាហាន​វៀតណាម​នេះ​វា​មិន​បាច់​បង្ខិត​បង្ខំ​គេ​ទេ ពីព្រោះ​សួរ​តែ​មុខងារ ស័ក្ដិ អង្គភាព ហើយ​និង​អាវុធ​ប្រើប្រាស់​ក្នុង​អង្គភាព»។

ទោះ​យ៉ាង​ណា លោក ម៉ម ណៃ បាន​បញ្ជាក់​ថា លោក​មិន​បាន​ដឹង​អំពី​ជោគ​វាសនា​របស់​ឈ្លើយ​សឹក​វៀតណាម​ទាំង​នោះ​ទេ ក្រោយ​ពី​ការសួរ​ចម្លើយ ព្រោះ​លោក​មាន​តួ​នាទី​ត្រឹម​តែ​ជា​អ្នក​សួរ​ចម្លើយ​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​ទៅ​នឹង​ការធ្វើ​សង្គ្រាម​រវាង​កម្ពុជា​ប្រជាធិបតេយ្យ​និង​ សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ម៉ម ណៃ បាន​អះអាង​ថា កម្ពុជា​ត្រូវ​បាន​គេ​ឈ្លានពាន ៖ «ចំពោះ​ទាហាន​ខ្ញុំ​ជឿជាក់​ក្នុង​ ចិត្ត​ថា​ជា​ពួក​ឈ្លានពាន​ទឹក​ដី​កម្ពុជា សុទ្ធសាធ​អត់​មាន​អ្នក​ល្អ​ទេ ជា​ពួក​មក​វ៉ៃ​ខ្មែរ​មក​យក​ប្រទេស​ខ្មែរ»។

ជាមួយ​គ្នា​នេះ​ដែរ លោក ម៉ម ណៃ បាន​សម្ដែង​នូវ​ការសោកស្ដាយ​របស់​លោក​តប​ទៅ​នឹង​សំណួរ​របស់​សហ​ចៅក្រម​អន្តរជាតិ​គឺ​លោក Marc Lavergne។

អតីត​អនុ​ប្រធាន​គុក​ទួលស្លែង លោក ម៉ម ណៃ ហៅ ចាន់ ពេល​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​នៃ​សាលាក្ដី​ខ្មែរ​ក្រហម កាលពី​ថ្ងៃ​១៤ កក្កដា ២០០៩។

លោក ម៉ម ណៃ បាន​បញ្ជាក់​ថា ៖ «ក្រោយ​ពី​អាមេរិកាំង​គឺ​ត្រូវ​យួន ឈ្លានពាន ប្រជាជន​មិន​បាន​សុខ ប្រទេស​ជាតិ​ក៏​ត្រូវ​ហិនហោច អា​ហ្នឹង​ខ្ញុំ​សោកស្ដាយ​អ៊ីចឹង»។

លោក ម៉ម ណៃ ក៏​បាន​បញ្ជាក់​ផង​ដែរ​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​ខ្មែរ​ក្រហម​បរាជ័យ ៖ «មក ​ពី​មាន​ការឈ្លានពាន​ពី​ខាង​វៀតណាម ពីព្រោះ​នៅ​ក្នុង​សង្គម​កម្ពុជា ពេល​នោះ​វា​ចាប់​បែកបាក់​គ្នា ហើយ​ជា​ប្រវត្តិសាស្រ្ដ​កាលណា​តែ​បែកបាក់​សាមគ្គី​ហើយ​វា​ចាញ់​គេ​ហើយ»។

លោក ម៉ម ណៃ បាន​ឲ្យ​ដឹង​ថា លោក​ជា​អតីត​សាស្ត្រាចារ្យ​និង​ជា​នាយក​អនុវិទ្យាល័យ ដោយ​មាន​បរិញ្ញាបត្រ​អក្សរសាស្ត្រ​ខ្មែរ ហើយ​លោក​បាន​ចូល​បម្រើ​បដិវត្តន៍​នៅ​ឆ្នាំ​១៩៧៣ តាម​ការស្នើ​សុំ​របស់ ឌុច ដែល​ដំបូង​ឡើយ​លោក​​មាន​តួនាទី​ជា​អ្នក​សួរ​ចម្លើយ​អ្នក​ទោស​មិន​សំខាន់​នៅ​ មន្ទីរ​សន្តិសុខ​ម-១៣​អមលាំង​ក្នុង​ខេត្ត​កំពង់ស្ពឺ ហើយ​ជា​ចុង​ក្រោយ​លោក​បាន​ក្លាយ​ជា​មេ​កង​សួរ​ចម្លើយ​នៅ​គុក​ទួលស្លែង​តែ​ ម្ដង។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា ការផ្ដល់​សក្ខីកម្ម​របស់​លោក ម៉ម ណៃ នៅ​មិនទាន់​ចប់​នៅ​ឡើយ​ទេ ហើយ​ប្រធាន​ចៅក្រម​អង្គ​ជំនុំ​ជម្រះ​របស់​សាលា​ដំបូង លោក និល ណុន បាន​មាន​ប្រសាសន៍​ថា ការផ្ដល់​សក្ខីកម្ម​ពី​សំណាក់​សាក្សី​រូប​នេះ​នឹង​ត្រូវ​បន្ត​នៅ​ថ្ងៃ​ពុធ ទី​១៥ កក្កដា​តទៅ​ទៀត ដោយ​មាន​មេធាវី​សម្រាប់​លោក ម៉ម ណៃ ផងដែរ គឺ​លោក​មេធាវី គង់ សំអុន៕
From:

0 comments:

Post a Comment