Home » » មឿង សុន ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត

មឿង សុន ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត

Written By vibykhmer on Wednesday, July 15, 2009 | 4:05 AM

ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក មឿង សុន ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​និង​ផាក​ពិន័យ​ ជា​ប្រាក់​ចំនួន​១៥​លាន​រៀល​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។
តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ល្ងាច​ថៃ្ង​ ១៤ កក្កដា​នេះ បាន​ផ្តន្ទា​ទោស លោក មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​ឲ្យ​ជាប់​គុក​រយៈពេល​២​ ឆ្នាំ និង​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​១៥​លាន​រៀល ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ជុំវិញ​ការចោទ​ប្រកាន់​ថា មាន​ការដាប់​ថ្ម​នៅ​ថែវ​អង្គរវត្ត​ដើម្បី​ដាក់​អំពូល​ភ្លើង​កាលពី​ខែ​ឧសភា​ កន្លង​ទៅ ដោយ​ក្រុមហ៊ុន​ម៉ៅការ​មួយ​ឈ្មោះ ស៊ូ ជីង។

លោក ឆាយ គង់ ជា​ចៅក្រម​ជម្រះ​ក្តី​និង​ជា​អនុ​ប្រធាន​នៃ​តុលាការ​ក្រុង​ភ្នំពេញ បាន​អាន​សាលក្រម​ថា តុលាការ​សម្រេច​ផ្តន្ទា​ទោស លោក មឿង សុន ឲ្យ​ជាប់​គុក​២​ឆ្នាំ​ក្រោម​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន​៧​លាន​រៀល​និង​៨​លាន​រៀល​ទៀត​សង​ជំងឺ​ចិត្ត​ ទៅ​រដ្ឋាភិបាល​កម្ពុជា។

លោក​បាន​បន្ត​ថា តុលាការ​ក្រុង​ភ្នំពេញ​បង្គាប់​ឲ្យ​ចាប់​ខ្លួន លោក មឿង សុន ដាក់​ក្នុង​គុក​និង​បើក​ផ្លូវ​ឲ្យ​ប្តឹង​ទាស់​ឬ​ប្តឹង​ឧទ្ធរណ៍​ចំពោះ​ក្ដី​ នេះ។

លោក ប៉ាល់ ចាន់ដារ៉ា ជា​មេធាវី​តំណាង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​ក្រោយ​ពី​ការប្រកាស​សាលក្រម​នោះ​ថា លោក​ពេញ​ចិត្ត​ចំពោះ​លទ្ធផល​នេះ ៖ «រាជ​រដ្ឋាភិបាល​មិន​ជំទាស់​អី​ទេ គាំទ្រ​តាម​ការសម្រេច​របស់​តុលាការ»។

លោក មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយ​ធម៌​ខ្មែរ។

ចំណែក​ឯ លោក សំ សុគង់ ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក មឿង សុន បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា ៖ «ខ្ញុំ ​អត់​ពេញ​ចិត្ត​ទេ​លទ្ធផល​នេះ ដោយសារ​ទី​១ ការដាក់​ទោស​មក​លើ​កូន​ក្ដី​ខ្ញុំ​ហាក់​ដូច​ជា​វា​ធ្ងន់​ពេក។ ទោស​ដែល​ទាប​បំផុត​ក្រោម​១​ឆ្នាំ តុលាការ​សម្រេច​ដាក់​ទោស​កូន​ក្ដី​ខ្ញុំ​រហូត​២​ឆ្នាំ អ៊ីចឹង​មាន​លក្ខណៈ​មួយ​ខ្ពស់»។

លោក ចាន់ សុវ៉េត មន្រ្តី​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក ដែល​បាន​ចូលរួម​តាមដាន​នៅ​ក្នុង​សវនាការ​នោះ​ដែរ បាន​ថែ្លង​ថា ៖ «ក្នុង​ន័យ​នេះ ទស្សនៈ​ខាង​យើង​សង្គម​ស៊ីវិល យើង​នៅតែ​មាន​ការសោកស្ដាយ​ជុំវិញ​បញ្ហា​ការជំនុំ​ជម្រះ​សេចក្ដី​នេះ»។

នៅ​ក្នុង​សវនាការ​រយៈពេល​ជិត​៥​ម៉ោង​នោះ គេ​សង្កេត​ឃើញ​មាន​លោក ឆាយ គង់ ជា​ចៅក្រម​ជម្រះ​ក្តី លោក ឯក ចេងហួត ជា​ព្រះរាជអាជ្ញា​នៃ​តុលាការ​ក្រុង​ភ្នំពេញ នៅ​ក្នុង​ការចោទ​ប្រកាន់​លោក មឿង សុន នោះ លោក ប៉ាល់ ចាន់ដារ៉ា ជា​មេធាវី​របស់​រដ្ឋាភិបាល​តំណាង​ឲ្យ​ដើម​បណ្ដឹង និង​លោក សំ សុគង់ ជា​មេធាវី​របស់​លោក មឿង សុន តំណាង​ឲ្យ​ភាគី​ចុង​ចោទ។

លោក មឿង សុន ជា​ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខែ្មរ​មិន​មាន​វត្តមាន​នៅ​ ក្នុង​សវនាការ​នោះ​ទេ ដែល​ប្រភព​បាន​ឲ្យ​ដឹង​ថា លោក​កំពុង​តែ​ស្ថិត​នៅ​ក្រៅ​ប្រទេស​កម្ពុជា។

នៅ​ក្នុង​សវនាការ​រយៈពេល​ជា​ច្រើន​ម៉ោង​នោះ តុលាការ​បាន​ចាក់​សំឡេង​នៃ​ការផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​អំពី​សម្តី​របស់ ​លោក មឿង សុន ស្ដីពី​ការព្រួយ​បារម្ភ និង​ការចោទ​ប្រកាន់​របស់​លោក​ថា​មាន​ការដាប់​ថ្ម​នៅ​ថែវ​អង្គរវត្ត​ដាក់​ អំពូល​ភ្លើង។

ជាមួយ​គ្នា​នេះ​ដែរ​នៅ​ក្នុង​សវនាការ​នោះ​ក៏​មាន​ការចាក់​សំឡេង​នៃ​នាទី​ វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​ផងដែរ​អំពី​ការបំភ្លឺ​និង​ការបដិសេធ​ របស់​ក្រុម​មន្រ្តី​ចំនួន​៥​នាក់​មក​ពី​អាជ្ញាធរ​អប្សារា​និង​មន្រ្តី​តំណាង ​យូណេស្កូ​ជុំវិញ​ការចោទ​ប្រកាន់​នោះ៕
From:

0 comments:

Post a Comment