Home » » សកម្មភាព​កាប់​ឈើ​កើន​ឡើង​ចាប់​តាំង​ពី​មាន​បញ្ហា​ជម្លោះ​ព្រំដែន

សកម្មភាព​កាប់​ឈើ​កើន​ឡើង​ចាប់​តាំង​ពី​មាន​បញ្ហា​ជម្លោះ​ព្រំដែន

Written By vibykhmer on Sunday, July 12, 2009 | 10:57 AM

PHOTO HERE
DESCRIPTION HERE

ប្រភព​ព័ត៌មាន​ពី​កង​ទាហាន​ខ្មែរ​ដែល​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​ថៃ​និង ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បាន​ឲ្យ​ដឹង​ថា ការកាប់​ឈើ​ប្រណីត​ប្រភេទ​គ្រញូង​ខុស​ច្បាប់​និង​ដឹក​ជញ្ជូន​យក​ទៅ​លក់​ដូរ​ ចេញ​ពី​តំបន់​តាម​ព្រំដែន​ខ្មែរ​ភាគ​ឧត្តរ​ជា​ច្រើន​កន្លែង​កំពុង​កើន​ឡើង​ យ៉ាង​សម្បើម​ចាប់​តាំង​ពី​មាន​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​ថៃ​មួយ​រយៈ​ចុង​ ក្រោយ​នេះ។

តាម​មន្ត្រី​យោធា​ខ្មែរ​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​កំពុង​ការពារ​ ព្រំដែន​នៅ​ម្តុំ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១២ ខែ​កក្កដា ថា ការកាប់​ឈើ​គ្រញូង​កំពុង​កើត​មាន​យ៉ាង​ខ្លាំង​នៅ​តាម​បន្ទាត់​ព្រំដែន ដូច​ជា​នៅ​តំបន់​ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ តំបន់​ផ្អុង​ឃុំ​កូន​ក្រៀល ស្រុក​សំរោង តំបន់​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ និង​ពី​តំបន់​ជិត​ព្រះវិហារ ដោយ​មាន​ការដឹក​ជញ្ជូន​យក​ទៅ​លក់​ដូរ​តាម​ម៉ូតូ តាម​ឡាន​តូចៗ ឡាន​ធំៗ ពេល​ថ្ងៃ​ក៏​មាន​និង​ពេល​យប់​ក៏​មាន ឆ្ពោះ​ចូល​មក​តាម​ផ្លូវ Highway លេខ​៦៧ សំដៅ​ទៅ​កាន់​ខេត្ត​កំពង់ធំ។

ទាហាន​ការពារ​ព្រំដែន​ខ្លះ​បាន​ហៅ​ការដឹក​ជញ្ជូន​ឈើ​គ្រញូង​ទាំង​នោះ​ប្រៀប​ដូច​ជា​ការហែ​បុណ្យ​យ៉ាង​អនាធិបតេយ្យ ៖ «ស្ថានភាព ​សព្វថ្ងៃ​របៀប​ដូច​ហែ​កឋិន​អ៊ីចឹង ច្រក​ណា​ក៏​មាន​ដឹក​ឈើ​ទាំងអស់ ហើយ​ចេញ​ទាំង​ថ្ងៃ​ទាំង​យប់​ទាំងអស់ វា​អនាធិបតេយ្យ​ហួស​ហេតុ​ពេក​ហើយ»។

ចំណែក​ប្រធាន​សហគមន៍​ការពារ​ព្រៃ​ឈើ​ភ្នំ​ដងរែក​សម្រែក​ព្រៃ​ស្រស់ ប្រចាំ​នៅ​ស្រុក​សំរោង ខេត្ត​ឧត្តរមានជ័យ លោក ឡាវ លី បាន​មាន​ប្រសាសន៍​ថា ពេល​បច្ចុប្បន្ន​នេះ​មាន​ក្រុម​ឈ្មួញ​បាន​កាប់​ឈើ​ប្រភេទ​ត្រសេក​និង​នាំ​ ចេញ​តាម​រថយន្ត​ទៅ​លក់​ឲ្យ​ថៃ​ដោយ​ចេញ​តាម​ច្រក​របៀង​ជិត​ប្រាសាទ​តាក្របី។

នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀមរាប លោក ឈៀង តុលា មិន​បាន​ធ្វើការ​អធិប្បាយ​លម្អិត​បញ្ហា​កើត​ឡើង​នៃ​បទល្មើស​ព្រៃ​ឈើ​នោះ​ទេ ប៉ុន្តែ​លោក​ទទួល​ស្គាល់​ថា ការកាប់​និង​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ខុស​ច្បាប់​គឺ​ពិត​ជា​មាន ហើយ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​របស់​លោក​ក៏​តែង​បង្ក្រាប​ជា​ញឹកញាប់​ដែរ។

លោក ឈៀង តុលា បាន​បញ្ជាក់​ថា ៖ «មន្ត្រី​របស់​ខ្ញុំ​នៅ​ប្រចាំការ នៅ​ធ្វើការ​ជាប់​រហូត។ វា​ចេះតែ​មាន​ហើយ យើង​ចាប់​បាន​ជា​បន្ត​បន្ទាប់»។

មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ប្រចាំ​តំបន់​ខ្នារ​រង្វះ តាម​ផ្លូវ Highway លេខ​៦៧ មួយ​រូប ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​ថា កាលពី​ថ្ងៃ​ទី​៩ ខែ​កក្កដា​កន្លង​មក គេ​បាន​ចាប់​រថយន្ត​ធំ​មួយ​គ្រឿង​ដែល​មាន​ផ្ទុក​សុទ្ធតែ​ឈើ​គ្រញូង​ប្រមាណ​ ពី​១៥​ទៅ​២០​ម៉ែត្រ​គូប ដោយ​រថយន្ត​នោះ​បាន​ដឹក​ឈើ​ចេញ​ពី​ភូមិសាស្ត្រ​ស្រុក​អន្លង់វែង​សំដៅ​ទៅ​ ខេត្ត​កំពង់ធំ​ទាំង​ថ្ងៃ។

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ដដែល​បាន​មាន​ប្រសាសន៍​ថា អ្នក​រកស៊ី​ឈើ​បច្ចុប្បន្ន​ធ្វើ​ឲ្យ​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប ដោយសារ​ឈ្មួញ​ខ្លះ​មាន​ខ្នង​បង្អែក​ជា​មន្ត្រី​ធំ និង​ខ្លះ​ទាក់ទិន​នឹង​កង​ប្រដាប់​អាវុធ ហើយ​ប្រើ​រថយន្ត​សុទ្ធតែ​ទំនើបៗ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ដឹក​ជញ្ជូន​ឈើ ៖ «ឆែក ​ទៅ ឡាន​ឥឡូវ​វា​ពិបាក ឡាន​ដូច​អ្នក​ធំ​ដែរ​ហ្នឹង សុទ្ធតែ Lexus, 4Runner, Ford Ranger ឯ​ណា​ឯ​ណី ទិញ​ឡាន​រាប់​ម៉ឺន​(ដុល្លារ)​យក​មក​ដាក់​អ៊ីចឹង ការគ្រប់គ្រង​របស់​យើង​វា​មិន​បាន​ដិតដល់»។

តាម​ព័ត៌មាន​ដែល​អាច​ជឿ​បាន​ថា ក្រុម​ឈ្មួញ​ដែល​កំពុង​ដឹក​ជញ្ជូន​ឈើ​គ្រញូង​ចេញ​ពី​តំបន់​ព្រំដែន​ខ្មែរ​ថៃ ​នោះ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​កំពង់ចាម រួច​ចេញ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ត្រពាំងផ្លុង ដោយ​បាន​ថ្លៃ​រាប់​ពាន់​ដុល្លារ​ក្នុង​១​ម៉ែត្រ​គូប៕

From:

0 comments:

Post a Comment