Home » » បញ្ហា​ការប្រើ​គ្រឿង​ស្រវឹង​ក្នុង​ចំណោម​យុវជន

បញ្ហា​ការប្រើ​គ្រឿង​ស្រវឹង​ក្នុង​ចំណោម​យុវជន

Written By vibykhmer on Sunday, July 12, 2009 | 10:58 AM

៩-មេសា-២០០៩: អ្នក​ចម្រៀង​នៅ​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។

ការសិក្សា​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា យុវជន​ខ្មែរ​ដែល​ចេះ​ទទួល​ទាន​គ្រឿង​ស្រវឹង​មាន​ចំនួន​ច្រើន​ឡើងៗ ទោះ​ជា​ពួក​គេ​បញ្ជាក់​ថា​សុរា​ធ្វើ​ឲ្យ​ខ្លួន​របស់​គេ​មិន​ស្រួល​ក្រោយ​ពេល ​ទទួល​ទាន​ហើយ​ក៏​ដោយ។​​​​​​ នៅ​តាម​ភោជនីយដ្ឋាន​តាម​បណ្តោយ​ផ្លូវ​លំ​មួយ​ខាង​កើត​វិទ្យាល័យ​ សន្ធរម៉ុក មាន​ភោជនីយដ្ឋាន​ជា​ច្រើន​ដែល​បើក​លក់​នៅ​ពេល​រសៀល​និង​ពេល​រាត្រី មាន​ស្លាក​យីហោ​សម្គាល់​សម្រាប់​លក់​ស្រាបៀរ​និង​គ្រឿង​ក្លែម​គ្រប់​មុខ។

នៅ​ក្នុង​ភោជនីយដ្ឋាន​ដែល​មាន​ប្រុសៗ មាន​កេ្មង​ចាស់ អង្គុយ​ជុំៗ​គ្នា​កំពុង​អង្គុយ​ជជែក​គ្នា រួម​ទាំង​មាន​កែវ​ស្រា​បៀរ​ផង។ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ក៏​មាន​មនុស្ស​ប្រុសៗ​វ័យ​ជំទង់​ផងដែរ។

យុវជន​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ឲ្យ​ដឹង​ថា គាត់​ទទួល​ទាន​ស្រាបៀរ​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ​ជាមួយ​និង​មិត្ត​ភ័កិ្ត​របស់​ គាត់​ក្រោយ​ពេល​ដែល​បំពេញ​ការងារ​ចប់​នោះ ៖ «មូលហេតុ​ដែល​ខ្ញុំ​ ចូលចិត្ត​មក​ទទួល​ទាន ដូច​ថា​បន្លប់​ការងារ​ស្មុគស្មាញ​របស់​ខ្ញុំ​ហ្នឹង។ ខ្ញុំ​ទទួល​ស្គាល់​ថា​ពេល​ស្រវឹង​លំបាក ដូច​ថា​យើង​ហូប​ដល់​ម៉ោង​១ ម៉ោង​២​អ៊ីចឹង ព្រឹក​ឡើង​យើង​ត្រូវ​ឡើង​មក​ធ្វើការ​ម៉ោង​៧​ព្រឹក ពេល​នោះ​ហើយ​ខ្លួន​ខ្ញុំ​ក៏​មាន​ការលំបាក​ដែរ ដោយសារ​តែ​សារធាតុ​ស្រវឹង​វា​អត់​ទាន់​សាប»។

ក្រៅ​ពី​មាន​បុរសៗ​មួយចំនួន​បាន​ចំណាយ​លុយ​កាក់​ក្នុង​ការទទួល​ទាន​ ស្រាបៀរ​ក្រោយ​ពេល​បំពេញ​ការងារ​របស់​ខ្លួន​នោះ គេ​ក៏​សង្កេត​ឃើញ​មាន​ក្រុម​ក្មេងៗ​វ័យ​ជំទង់​មួយចំនួន​បាន​ទទួល​ទាន​ ស្រាបៀរ​ដូច​មនុស្ស​ចាស់​ដែរ។

យុវ​សិស្ស​វ័យ​១៨​ឆ្នាំ រៀន​នៅ​វិទ្យាល័យ​ព្រះយុគន្ធ បាន​ថ្លែង​ថា គាត់​ក៏​ធ្លាប់​ផឹក​ស្រាបៀរ​ដែរ ជា​ពិសេស​នៅ​ពេល​ដែល​ជួប​ជុំ​មិត្ត​ភ័ក្តិ​នោះ ៖ «ពេល​ទំនេរ​ថ្ងៃ​ឈប់​ សម្រាក​ញ៉ាំ​បន្តិច​បន្តួច ៣​កំប៉ុង​អី​ជួប​ជុំ​គ្នា​ជាមួយ​មិត្ត​ភ័ក្ដិ ១​ខែ​ម្ដង តាម​បៀរហ្គារឌិន។ ពិបាក ក្អួត ងើប​ពី​ព្រលឹម​ឈឺ​ក្បាល»។

លោក សន ជ័យ ស្ថាបនិក​វិទ្យាស្ថាន​ខ្មែ​សម្រាប់​ការអភិវឌ្ឍ​ជាតិ បាន​មាន​ប្រសាសន៍​ថា កត្តា​ដែល​នាំ​ឲ្យ​យុវជន​ផឹក​ស្រាបៀរ​កាន់តែ​ច្រើន​នេះ គឺ​ដោយសារ​តែ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នានា​ដែល​អូស​ទាញ​ពួក​គេ​នោះ។

លោក សន ជ័យ បាន​ឲ្យ​ដឹង​ថា ៖ «កត្តា​ដែល​នាំ​ឲ្យ​យុវជន​ទៅ​ប្រើប្រាស់ ​គ្រឿង​ស្រវឹង​ដែល​ខុស​ពី​មុន​នេះ គឺ​បណ្ដាល​មក​ពី​រដ្ឋាភិបាល​យើង ជា​ពិសេស​ក្រសួង​វប្បមធម៌​ឬ​ក៏​ក្រសួង​ពាណិជ្ជកម្ម អនុញ្ញាត​ឲ្យ​មាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នូវ​ផលិតផល​ទាក់ទង​នឹង​គ្រឿង​ ស្រវឹង​ហ្នឹង ដូច​ជា​មាន​ការលើក​ទឹក​ចិត្ត​ពេក។ យើង​ឃើញ​ហើយ​គេ​មាន​ប្រើ​ពាក្យពេចន៍ រូបភាព​ពិសេស​ជាង​អ្វី​ដែល​អ្នក​បាន​ឃើញ ដាក់​មួយ​ហើយ​ចង់​ដាក់​មួយ​ទៀត​អី​អ៊ីចឹង​ទៅ។ ទី​ពីរ ប្រទេស​កម្ពុជា​យើង យើង​អត់​ទាន់​មាន​គោល​នយោបាយ​គ្រឿង​ស្រវឹង​ទេ ថា​តើ​មនុស្ស​ម្នាក់​គេ​អាច​ផឹក​ស្រា​បាន​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ? ព្រោះ​យើង​មើល​ទៅ​ស្រា​នៅ​ប្រទេស​ខ្មែរ​យើង​ផឹក​បាន​គ្រប់​ពេល​វេលា ឲ្យ​តែ​មនុស្ស​ចង់»។

ចំណែក​ឯ លោក ហ៊ឹម យន់ អនុ​ប្រធាន​សមាគម​យុវជន​ខ្មែរ បាន​មាន​ប្រសាសន៍​ថា កត្តា​ដែល​រួម​ផ្សំ​ធ្វើ​ឲ្យ​ក្រុម​យុវជន​ងាក​រក​ការទទួល​ទាន​គ្រឿង​ស្រវឹង​ នោះ គឺ​ដោយសារ​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​មាន​គោល​នយោបាយ​ គ្រប់គ្រង​គ្រឿង​ស្រវឹង​ឲ្យ​បាន​ហ្មតចត់​នៅ​ឡើយ។ លោក​បន្ថែម​ទៀត​ថា បញ្ហា​ខ្វះ​ទី​កន្លែង​កម្សាន្ត​និង​កីឡា​នោះ​ក៏​ជា​កត្តា​ចម្បង​សម្រាប់​ពួក ​គេ​ផងដែរ ហើយ​យុវជន​ខ្វះ​ការកំណត់​គោលដៅ​ផ្ទាល់​ខ្លួន។

លោក ហ៊ឹម យន់ បាន​មាន​ប្រសាសន៍​ថា ៖ «ការ​ដែល​ពួក​គេ​ទទួល​បាន​ ការអប់រំ​ខ្លះ ហើយ​អ្នក​ខ្លះ​ក៏​មិន​ទទួល​បាន​ការអប់រំ ហើយ​បញ្ហា​ការងារ​ធ្វើ ព្រោះ​ឥឡូវ​ហ្នឹង​បើ​យើង​មើល​ទៅ​យុវជន​ពេល​ដែល​គេ​ទំនេរ គេ​មិន​សូវ​មាន​កន្លែង​ណា​សម្រាប់​កម្រាន្ត​ទេ។ ឧទាហរណ៍​ថា កន្លែង​លេង​កីឡា​ឲ្យ​បាន​ច្រើន​ឬ​ក៏​រមណីយដ្ឋាន​ហ្នឹង​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ពួក​គេ​កម្សាន្ត​ហ្នឹង ហើយ​បណ្ណាល័យ​ក៏​គួរ​ឲ្យ​មាន​ច្រើន​អី​ទាំងអស់​ហ្នឹង ។ ទាំងអស់​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​យុវជន​មាន​កន្លែង​សម្រាប់​ទៅ បើ​មិន​អ៊ីចឹង​ទេ ពួក​គេ​ចេះតែ​ជួប​ជុំ​គ្នា ហើយ​បែរ​ជា​នាំ​គ្នា​ផឹក​អី​អ៊ីចឹង​ទៅ នេះ​ជា​ប្រការ​មួយ​មិន​ល្អ​ទេ»។

លោក ហ៊ឹម យន់ បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា លទ្ធផល​នៃ​ការទទួល​ទាន​គ្រឿង​ស្រវឹង​របស់​យុវជន​នោះ​គឺ​កើត​ឲ្យ​មាន​អំពើ​ ហិង្សា រួម​ជាមួយ​នឹង​គ្រោះថ្នាក់​ដែល​កើត​ឡើង​ជា​រឿយៗ​នោះ។

បើ​តាម​របាយការណ៍​មួយ​របស់​អង្គការ​ជន​ពិការ​អន្តរជាតិ​បែលហ្ស៊ិក​ដែល​ ចេញ​ផ្សាយ​នា​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា ក្នុង​ខែ​មីនា ឆ្នាំ​២០០៩​នេះ អត្រា​នៃ​អ្នក​គ្រោះថ្នាក់​ចរាចរណ៍​មាន​ជន​រងគ្រោះ​ចំនួន​២.១៥១​នាក់ នៅ​ក្នុង​នោះ​មាន​ជន​រងគ្រោះ​១៧៣​នាក់​បាន​ស្លាប់ និង​៦៦៦​នាក់​រង​របួស​ធ្ងន់។

នៅ​ក្នុង​របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា ១៥ %​នៃ​ជន​រងគ្រោះ​គឺ​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន និង​៤០%​នៃ​ជន​រងគ្រោះ​នោះ​មាន​អាយុ​ចន្លោះ​ពី​១៥​ទៅ​២៥​ឆ្នាំ។

លោក សែម បញ្ញាវុឌ្ឍ មន្ត្រី​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន​ជន​រងគ្រោះ​និង​គ្រោះថ្នាក់​ចរាចរណ៍​ ផ្លូវ​គោក​នៃ​អង្គការ​ជន​ពិការ​អន្តរជាតិ​បែលហ្ស៊ិក មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើន​ឡើង​នោះ ដោយសារ​តែ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​មិន​ទាន់​បាន​គ្រប់​ជ្រុងជ្រោយ។ លោក​ក៏​បាន​លើក​ឡើង​ទៀត​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​នា​ពេល​កន្លង​មក​នោះ​គឺ​កើត​ឡើង​ដោយសារ​ ស្រវឹង​ស្រា។

លោក សែម បញ្ញាវុឌ្ឍ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​គិត​ថា យុវជន​របស់​យើង​គួរតែ​ធ្វើការ​គោរព​ច្បាប់​ដោយ​យើង​កុំ​ពិសារ​គ្រឿង​ស្រវឹង​ នៅ​ពេល​បើកបរ មាន​ន័យ​ថា បើ​បើកបរ​កុំ​ពិសារ​គ្រឿង​ស្រវឹង»។

លោក សែម បញ្ញាវុឌ្ឍ បាន​ថ្លែង​ទៀត​ថា ប្រសិន​បើ​ប្រជាពលរដ្ឋ​និង​ក្រុម​យុវជន​កែប្រែ​ឥរិយាបថ​ហើយ​គោរព​ច្បាប់​ ចរាចរណ៍​មិន​ទទួល​ទាន​គ្រឿង​ស្រវឹង​ក្នុង​គ្រា​បើកបរ​យាន​យន្ត នោះ​អត្រា​គ្រោះថ្នាក់​ដែល​កើត​ឡើង​ជាយថាហេតុ​នោះ​នឹង​បាន​ប្រសើរ​ឡើង​វិញ។

ចំណែក​ឯ​លោក​វរសេនីយ៍​ត្រី ចេវ ហាក់ អនុ​ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​ក្រុង​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​ជំនាញ​បាន​ដាក់​ទីតាំង​ត្រួត​ពិនិត្យ​ចល័ត​ដើម្បី​ត្រួត​ពិនិត្យ ​ដល់​អ្នក​បើកបរ​ដែល​មាន​សារជាតិ​ស្រវឹង​នៅ​ក្នុង​ខ្លួន តាំងពី​ខែ​ឧសភា ឆ្នាំ​២០០៩​មក​ម៉្លេះ គឺ​ដើម្បី​អប់រំ​ដល់​អ្នក​ដែល​ទទួល​ទាន​គ្រឿង​ស្រវឹង​និង​ផល​ប៉ះពាល់​នៅ​ពេល ​បើកបរ​នោះ។ តាមរយៈ​ការត្រួត​ពិនិត្យ​នោះ​គឺ​រក​ឃើញ​ជា​មធ្យម​អ្នក​បើកបរ​ដែល​ទទួល​ទាន​ គ្រឿង​ស្រវឹង​មាន​ពី​៥​ទៅ​១០​នាក់​ក្នុង​មួយ​យប់ៗ។

តាម​មន្ត្រី​សុខាភិបាល​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​ថា ក្រៅពី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​ដោយសារ​ស្រវឹង​នោះ​ក៏​កើត​មាន​ជំងឺ ​នានា​ដោយ​ឥទ្ធិពល​ជាតិ​ស្រវឹង​ចូល​ក្នុង​ខ្លួន​នោះ​ដែរ ៖ «បើ​សិន​ជា​ គាត់​ហូប​ច្រើន​យូរៗ​ទៅ កត្តា​សំខាន់​ជាងគេ​គឺ​ថ្លើម​ដែល​ធ្វើ​ទុក្ខ​ច្រើន​ជាង​គេ... រហូត​ដល់​ធ្វើ​ឲ្យ​អាច​ក្រិន​ថ្លើម វា​អាច​រលាក​ថ្លើម​ប្រភេទ​បេ ប្រភេទ​សេ​អី​អ៊ីចឹង។ ប្លោក​នោម​វិញ ពេល​ខ្លះ​ធ្វើ​ឲ្យ​មាន​ជំងឺ​គ្រោះ​តម្រង​នោម ហើយ​បើ​សិន​ជា​ហូប​យូរៗ​ទៅ​អាច​ធ្វើ​ឲ្យ​គាត់​មាន​ទឹក​នោម​ប្រៃ​ឬ​ក៏​ទឹក​ នោម​ផ្អែម ហើយ​អាច​ធ្វើ​ឲ្យ​មាន​ការលើស​ឈាម​ទៀត កាល​ណា​ហូប​ទៅ​វា​មាន​ទឹក​នោម​ប្រៃ ទឹក​នោម​ប្រៃ​វា​អាច​ធ្វើ​ឲ្យ​អ្នក​នឹង​មាន​ជំងឺ​លើស​ឈាម។ វា​ទាក់ទិន​គ្នា​អ៊ីចឹង»។

លោក ហ៊ឹម យន់ អនុ​ប្រធាន​សមាគម​យុវជន​ខ្មែរ បាន​ថ្លែង​ទៀត​ដែរ​ថា ដើម្បី​អប់រំ​ដល់​ក្រុម​យុវជន​ទាំង​នោះ​ត្រូវតែ​មាន​ការចូលរួម​ពី​ក្រុម​ គ្រួសារ សាលារៀន​និង​សង្គម​ផងដែរ។

លោក ហ៊ឹម យន់ បាន​បញ្ជាក់​ថា ៖ «ឪពុក​ម្ដាយ​ត្រូវតែ​អប់រំ​កូន​កុំ​ ឲ្យ​ផ្ដេសផ្ដាស ដូច​ជា​ពេល​ទំនេរ​ទៅ​ផឹក​ស៊ី​អាឡេ​អាឡូ​អី​ជាដើម។ ឯ​នៅ​សាលា​រៀន លោក​គ្រូ អ្នក​គ្រូ ក៏​គាត់​ប្រឹងប្រែង​ជួយ​អប់រំ​ដល់​ក្មេងៗ​យុវវ័យ​ទាំងអស់​ហ្នឹង​ដែរ ហើយ​ក្រៅពី​ហ្នឹង​ទៀត​សង្គម ការ​ដែល​យើង​មើល​ការផ្សាយ​ពាណិជ្ជកម្ម​ហូរហែ​ដែល​វា​ហួស​ប្រមាណ​ពេក ធ្វើ​ឲ្យ​យុវវ័យ យុវជន​ហ្នឹង​នាំ​ទៅ​រក​តែ​ការផឹក​ស៊ី​សប្បាយ ហើយ​សប្បាយ​មិន​មែន​សប្បាយ​ឲ្យ​ល្អ​សម្រាប់​សង្គម ប៉ុន្តែ​កាល​ណា​ទទួល​ទាន​គ្រឿង​ស្រវឹង​អី​ទៅ​វា​ខាត​ទាំង​លុយ​កាក់​ផង និង​វា​ប៉ះពាល់​ទៅ​ដល់​សង្គម​យើង​ផង»។

លោក​បាន​ថ្លែង​ទៀត​ថា ក្រុម​យុវជន​ក៏​ត្រូវតែ​ស្វែងរក​ការអប់រំ​និង​សីលធម៌​ផ្ទាល់​ខ្លួន​ផងដែរ៕

From:

0 comments:

Post a Comment