Home » » មូរ សុខហួរ រង់ចាំ​ការឆ្លើយ​តប​ពី​តុលាការ​ជុំវិញ​ការ​យក​មេធាវី​ថ្មី​មក​ការពារ​ក្ដី

មូរ សុខហួរ រង់ចាំ​ការឆ្លើយ​តប​ពី​តុលាការ​ជុំវិញ​ការ​យក​មេធាវី​ថ្មី​មក​ការពារ​ក្ដី

Written By vibykhmer on Sunday, July 12, 2009 | 10:49 AM

អគ្គលេខាធិការ​រង​គណបក្ស​សមរង្ស៊ី​និង​ជា​តំណាង​រាស្រ្ត​នៃ​ខេត្ត​កំពត លោកស្រី មូរ សុខហួរ ដើរ​ចេញ​ពី​តុលាការ​ក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​៣ មិថុនា ២០០៩។

អ្នក​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​កំពត លោកស្រី មូរ សុខហួរ កំពុង​រង់ចាំ​ការឆ្លើយ​តប​ពី​តុលាការ​ក្នុង​ការសម្រេច​យក​មេធាវី​ថ្មី​មក​ ការពារ​ក្ដី​ជំនួស​មេធាវី​ចាស់។ លោកស្រី មូរ សុខហួរ អ្នក​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​កំពត​និង​ជា​សមាជិក​គណៈកម្មការ​នាយក​និង​ គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សមរង្ស៊ី មាន​ប្រសាសន៍​ពី​ខែត្រ​កំពត ប្រទេស​កម្ពុជា បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​តាម​ទូរស័ព្ទ​កាលពី​យប់​មិញ​ថា ពេល​នេះ​លោកស្រី​កំពុង​រង់ចាំ​សេចក្ដី​ឆ្លើយ​តប​ពី​ខាង​តុលាការ​ក្រុង​ ភ្នំពេញ​ថា​តើ​តុលាការ​យល់​ព្រម​ឲ្យ​លោក​មេធាវី សុក សំអឿន ដែល​បច្ចុប្បន្ន​ជា​នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្ពុជា អាច​ធ្វើ​ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​លោកស្រី​ជំនួស​លោក​មេធាវី គង់ សំអុន ដែល​ទើប​នឹង​លា​ឈប់​លែង​ការពារ​ក្ដី​ឲ្យ​លោកស្រី​ទៀត​នោះ។

លោកស្រី មូរ សុខហួរ បញ្ជាក់​ថា លោកស្រី​បាន​ដាក់​ពាក្យ​ស្នើសុំ​យក​មេធាវី​ថ្មី លោក សុក សំអឿន ដាក់​ជូន​ទៅ​តុលាការ​ហើយ​តាំងពី​ថ្ងៃ​សុក្រ ទី​៩ ខែ​កក្កដា ឆ្នាំ​២០០៩​កន្លង​មក​ថ្មីៗ​នេះ ៖ «ប៉ុន្តែ​ជា​ផ្លូវការ​ខ្ញុំ​មិន​ទាន់​បាន​ទទួល​អ្វី​ពី​តុលាការ​ទេ»។

នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ឆ្នាំ​២០០៩​នេះ គឺ​ជា​ថ្ងៃ​ដែល​លោកស្រី មូរ សុខហួរ ត្រូវ​ឡើង​តុលាការ​ក្រុង​ដើម្បី​បំភ្លឺ​តប​ចំពោះ​ការចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា ពី​បទ​បរិហារ​កេរ្តិ៍​លោក។

លោកស្រី មូរ សុខហួរ មាន​ប្រសាសន៍​បង្ហាញ​ជំហរ​ក្នុង​ការឡើង​តុលាការ​នោះ​ថា លោកស្រី​មិន​រត់​គេច​ជា​ដាច់​ខាត ៖ «ខ្ញុំ ​ចង់​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ជឿ​ជាក់​ថា ខ្ញុំ​ធ្វើ​នេះ​មិន​មែន​ចង់​ចាញ់​ឈ្នះ​សម្ដេច​នាយក​ទេ ខ្ញុំ​ចង់​ឲ្យ​មាន​កិត្តិយស​ខ្ញុំ​ជា​ស្ត្រី ហើយ​ជា​ស្ត្រី​ខ្មែរ ហើយ​ជា​អ្នក​តំណាង​រាស្ត្រ ហើយ​ខ្ញុំ​ចង់​ឲ្យ​ឃើញ​ថា ប្រទេស​កម្ពុជា​យើង​ពិត​ជា​ប្រទេស​មួយ​ដែល​មាន​ច្បាប់ ដែល​អនុវត្ត​ច្បាប់​ដោយ​អត់​មាន​ការបង្ខិត​បង្ខំ ហើយ​ខ្ញុំ​ចង់​ឲ្យ​ឃើញ​តុលាការ​ខ្មែរ ត្រូវ​ជា​តុលាការ​មួយ​ដែល​ឯករាជ្យ​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ មិន​ត្រឹម​តែ​ខ្ញុំ​ជា​អ្នក​តំណាង​រាស្ត្រ​ទេ គឺ​ដើម្បី​ប្រជាពលរដ្ឋ​ទាំងអស់»។

សូម​រំឭក​ជូន​ថា ភាគី​លោក ហ៊ុន សែន បាន​ដាក់​បណ្ដឹង​ពី​បទ​បរិហារ​កេរ្តិ៍​ប្រឆាំង​នឹង​លោកស្រី មូរ សុខហួរ កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០០៩ ដាក់​ប្ដឹង​ក្នុង​ថ្ងៃ​ដែល​លោកស្រី មូរ សុខហួរ ក៏​បាន​ដាក់​ប្ដឹង​លោក ហ៊ុន សែន វិញ​ដែរ ពី​បទ​បរិហារ​កេរ្តិ៍​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី។

តែ​ករណី​បណ្ដឹង​របស់​លោកស្រី មូរ សុខហួរ ប្រឆាំង​នឹង​លោក ហ៊ុន សែន គឺ​លោកស្រី​បាន​គ្រោង​ធ្វើ​មុន​ករណី​បណ្ដឹង​របស់​លោក ហ៊ុន សែន គឺ​លោកស្រី​គ្រោង​តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០០៩​មក​ម៉្លេះ ប៉ុន្តែ​លុះ​ដល់​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០០៩ ខែ​មុន​នេះ ព្រះរាជអាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ​បាន​សម្រេច​តម្កល់​សំណុំ​រឿង​នៃ​ បណ្ដឹង​របស់​លោកស្រី មូរ សុខហួរ មិន​ព្រម​ចាត់ការ ប៉ុន្តែ​តុលាការ​ក្រុង​បែរ​ជា​បន្ត​ចាត់ការ​ក្ដី​តាម​បណ្ដឹង​របស់​លោក ហ៊ុន សែន៕

From:

0 comments:

Post a Comment