Home » » កម្ពុជា​នឹង​ស្នើ​សុំ​ឲ្យ​ថៃ​លុប​ចោល​ការផ្សាយ​ពី​បញ្ហា​ទឹក​ដី​ខ្មែរ​នៅ​លើ​វ៉ឹបសាយថ៍​មួយ

កម្ពុជា​នឹង​ស្នើ​សុំ​ឲ្យ​ថៃ​លុប​ចោល​ការផ្សាយ​ពី​បញ្ហា​ទឹក​ដី​ខ្មែរ​នៅ​លើ​វ៉ឹបសាយថ៍​មួយ

Written By vibykhmer on Sunday, July 12, 2009 | 11:21 AM

ប្រាសាទ​ព្រះវិហារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​ដាក់​សំណើ​ការទូត​មួយ​នៅ​ដើម​សប្តាហ៍​ក្រោយ​ នេះ​ឲ្យ​រដ្ឋាភិបាល​ថៃ​លុប​ចោល​វ៉ឹបសាយថ៍​ដែល​សរសេរ​ថា ទឹក​ដី​ខ្មែរ​បច្ចុប្បន្ន​មួយចំនួន​ជា​របស់​ថៃ​ដែល​បាន​បាត់​បង់។ អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការបរទេស​នៃ​ប្រទេស​កម្ពុជា លោក កុយ គួង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ កក្កដា ថា រដ្ឋាភិបាល​ខ្មែរ​បាន​ច្រាន​ចោល​ការសរសេរ​នៅ​ក្នុង​វ៉ឹបសាយថ៍​របស់​ថៃ ថា​ជា​ការកែប្រែ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទាំង​ស្រុង​និង​ជា​ការញុះញង់​ បញ្ឆេះ​កំហឹង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ផងដែរ។

លោក កុយ គួង បាន​មាន​ប្រសាសន៍​ថា ៖ «គេ​បាន​បញ្ជាក់​ថា គេ​បាន​បាត់​បង់​ទឹក​ដី​ទៅ​លើ​ប្រទេស​ជិតខាង​ហ្នឹង ហើយ​ក្នុង​នោះ​គឺ​ប្រទេស​ជិត​ខាង​នោះ​មាន​កម្ពុជា​ផងដែរ ថា​ថៃ​បាន​បាត់​បង់​មក​លើ​ប្រទេស​យើង។ ដូច្នេះ​ចំណុច​នេះ​គឺ​យើង​មិន​អាច​ទទួល​យក​បាន​ទេ យើង​នឹង​ធ្វើ​អត្ថបទ​មួយ​បញ្ជាក់ ក្រសួង​ការបរទេស​នឹង​ទាត់​ចោល​អំពី​ការលើក​ឡើង​នៅ​ក្នុង Video Clip នេះ ព្រោះ​វា​ជា​រឿង​ផ្ទុយ​នឹង​ប្រវត្តិសាស្ត្រ។ ប្រវត្តិសាស្ត្រ​ពិត​នោះ​គឺ​ថា ខ្មែរ​យើង​ទេ​ដែល​បាត់​បង់​ទឹក​ដី​ទៅ​ខាង​ប្រទេស​នោះ»។

សូម​ជម្រាប​ថា កាលពី​ពេល​ថ្មីៗ​នេះ​វ៉ឹបសាយថ៍​ថ្មី​មួយ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​ឈ្មោះ www.ilovethailand.org បាន​សរសេរ​ទាមទារ​ថា ផ្នែក​មួយចំនួន​នៃ​ប្រទេស​កម្ពុជា​គឺ​ជា​ទឹក​ដី​ថៃ​ដែល​បាន​បាត់​បង់។ វ៉ឹបសាយថ៍​ដដែល​នោះ​បាន​បង្ហាញ​នូវ​វីដេអូ​ថា ផ្នែក​ខ្លះ​នៃ​ទឹក​ដី​កម្ពុជា​បច្ចុប្បន្ន រួម​មាន​ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប និង​តំបន់​ជម្លោះ​នៅ​ប្រាសាទ​ព្រះវិហារ គឺ​ជា​ទឹក​ដី​ថៃ​ដែល​បាត់​បង់។

ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​អះអាង​ថា ការសរសេរ​បង្ហោះ​តាម​វ៉ឹបសាយថ៍​បែប​នេះ​បាន​បញ្ជាក់​ពី​មហិច្ឆតា​លោភលន់​មួយ ​ទៀត​របស់​ថៃ ដែល​កម្ពុជា​មិន​អាច​ទទួល​យក​បាន។

លោក រ៉ុង ឈុន បាន​បញ្ជាក់​ថា ៖ «ជុំវិញ​វ៉ឹបសាយថ៍​របស់​សៀម​ដែល​បាន​ ផ្សព្វផ្សាយ ឃើញ​ថា​ជា​ការបំភ្លៃ​ប្រវត្តិសាស្ត្រ។ យើង​ដឹង​ហើយ សៀម​មាន​មហិច្ឆតា​ចង់​តែ​បាន​ទឹក​ដី​កម្ពុជា​ទេ»។

នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការបំភ្លឺ​ ពី​មន្ត្រី​ស្ថានទូត​ថៃ​ជុំវិញ​បញ្ហា​ខាង​លើ​នេះ​បាន​នៅ​ឡើយ​ទេ។

សាស្រ្តាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក សំបូរ មាណ្ណារ៉ា មាន​ប្រសាសន៍​ថា កាលពី​សម័យ​ចក្រភព​អង្គរ​ខ្មែរ ទឹក​ដី​ខ្មែរ​បាន​លាត​សន្ធឹង​ដល់​ប្រទេស​ភូមា​និង​លាត​សន្ធឹង​ដល់​ប្រទេស​ ចិន ព្រម​ទាំង​ប្រទេស​ម៉ាឡេស៊ី​សព្វថ្ងៃ​នេះ​ផងដែរ។

អ្នក​ប្រវត្តិសាស្រ្ត​ដដែល​បញ្ជាក់​ថា តាំង​ពី​សម័យ​រុងរឿង​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ កម្ពុជា​បាន​បាត់​បង់​ទឹក​ដី​ដ៏​ច្រើន​លើសលុប​តាម​ការដណ្តើម​យក​របស់​ប្រទេស ​ថៃ​និង​ប្រទេស​វៀតណាម។

ប្រវតិ្ត​នៃ​ការសាងសង់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ

បើ​តាម​សៀវភៅ​ប្រវត្តិសាស្រ្ត​ខ្មែរ​មួយចំនួន​ដែល​ក្នុង​នោះ​មាន​ទាំង​ សរសេរ​ដោយ លោក អាល់បែរ ឡឺបោននឺ និង​លោក ក្លូដហ្សាក់ ជនជាតិ​បារាំង បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​នៅ​ក្នុង​ដែន​ដី​ខ្មែរ សាងសង់​ពី​ថ្ម ចាប់​តាំង​ពី​រជ្ជកាល​នៃ​ព្រះបាទ សុរ្យវរ្ម័ន​ទី​១ នៅ​ពាក់​កណ្តាល​ទី​១​នៃ​សតវត្សរ៍​ទី​១១​មក​ម៉្លេះ។

បាន​ន័យ​ថា ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ស្ថាបនា​ឡើង​ក្នុង​គ្រា​ដែល​ស្រុក​ខ្មែរ​មាន​ ផ្ទៃ​ដី​ធំ​ធេង មាន​រួម​ទាំង​ខេត្ត​បាត់ដំបង​និង​ខេត្ត​សៀមរាប​ផង គឺ​ដី​ខ្មែរ​លាត​សន្ធឹង​រហូត​ដល់​ប្រទេស​ភូមា ខាង​ជើង​ទៅ​ដល់​ទីក្រុង​វៀងច័ន្ទ​នៃ​ប្រទេស​លាវ។ ចំណែក​ប្រទេស​ថៃ​សព្វថ្ងៃ​ពុំ​ទាន់​មាន​ទេនា​កាល​ណោះ ហេតុ​នេះ​ហើយ​ទើប​ព្រះ​មហាក្សត្រ​ខ្មែរ​សង់​ប្រាសាទ​ព្រះវិហារ​បែរ​មុខ​ទៅ​ ទិស​ខាង​ជើង ព្រោះ​ដី​ខ្មែរ​នោះ​មាន​ទី​ទំនាប ងាយ​ធ្វើ​ជណ្តើរ​ឡើង ប្រសើរ​ជាង​ដី​នៅ​ទិស​ខាង​ត្បូង​ដែល​មាន​ជញ្ជាំង​ភ្នំ​ចោទ​ខ្ពស់​ពេក។

លោក​សាស្រ្តាចារ្យ ឃិន សុខ ធ្លាប់​បង្រៀន​ជា​ច្រើន​ឆ្នាំ​អំពី​ប្រវត្តិសាស្រ្ត​ខ្មែរ ថៃ លាវ​និង​ភូមា នៅ​ឯ​វិទ្យាស្ថាន​ជាតិ​អ៊ីណាល់កូ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង មាន​ប្រសាសន៍​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប្រទេស​ថៃ​ឬ​សៀម​មាន​កំណើត​លើ​ដែន​ដី​សព្វថ្ងៃ​នេះ​គឺ​ចាប់​ពី​សតវត្សរ៍​ទី​ ១៣​ក្រោយ​មក។

សូម​រំឭក​ជូន​ផងដែរ​ថា មិន​តែ​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ នៅ​ប្រទេស​ហុល្លង់ បាន​ប្រកាស​ជា​ផ្លូវការ​ទទួល​ស្គាល់​ជា​ថ្មី​ថា ប្រាសាទ​ព្រះវិហារ​និង​បរិវេណ​ប្រាសាទ​ជា​កម្មសិទ្ធិ​ផ្តាច់​មុខ​របស់​ ព្រះរាជាណាចក្រ​កម្ពុជា គឺ​ប្រកាស​ក្នុង​គ្រា​ដែល​ឲ្យ​ខ្មែរ​ឈ្នះ​ក្តី​លើ​ភាគី​ប្រទេស​ថៃ៕

From:

0 comments:

Post a Comment