Home » » បុរស​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់​ខណៈ​ចូល​ព្រៃ​កាប់​ឈើ

បុរស​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់​ខណៈ​ចូល​ព្រៃ​កាប់​ឈើ

Written By vibykhmer on Monday, July 13, 2009 | 11:29 PM

ទាហាន​ថៃ​ដើរ​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ​នា​ថ្ងៃ​១៩ កក្កដា ២០០៨។

អាជ្ញាធរ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរ​មាន​ជ័យ ជាប់​ព្រំ​ប្រទល់​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ​វិហារ បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ជា​អ្នក​ភូមិ​ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់ ខណៈ​ដែល​ចូល​ទៅ​ក្នុង​ព្រៃ​ជាប់​តំបន់​ព្រំដែន​ខ្មែរ​-ថៃ​ដើម្បី​ស៊ី​ឈ្នួល​ កាប់​និង​ជញ្ជូន​ឈើ​ប្រភេទ​គ្រញូង​យក​មក​ឲ្យ​ក្រុម​ឈ្មួញ​រក​ស៊ី​ឈើ​ខុស​ ច្បាប់​នៅ​តំបន់​នោះ។
អធិការ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ លោក កែវ ប៉ាន់ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​កក្កដា ថា បុរស​ឈ្មោះ លី ប៊ុនថន អាយុ ៣៤​ឆ្នាំ ទី​លំនៅ​ភូមិ​អភិវឌ្ឍន៍​ឃុំ​អូរ​ស្វាយ បាន​ស្លាប់​ដោយសារ​ត្រូវ​គ្រាប់​កាំភ្លើង​របស់​ក្រុម​ទាហាន​ថៃ​ដែល​បាញ់​រះ​ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា ខណៈ​ដែល​ជន​រង​គ្រោះ​និង​អ្នក​ភូមិ​ប្រុសៗ ៤​នាក់​ផ្សេង​ទៀត បាន​នាំ​គ្នា​ចូល​ព្រៃ​លើ​ខ្នង​ភ្នំ​ដង​រែក ដែល​មិន​ទាន់​ច្បាស់​លាស់​ថា ទី​នោះ​ជា​ទឹក​ដី​ថៃ​ឬ​ក៏​ដី​ខ្មែរ​ដើម្បី​ស្វែង​រក​កាប់​ឈើ​គ្រញូង​មក​លក់​ ដូរ។

លោក កែវ ប៉ាន់ ថ្លែង​ដូច្នេះ​ថា ៖ «គិត​ទៅ នៅ​ចំ​បន្ទាត់​ខ្នង​ភ្នំ​ដង​រែក ចំណុច​ខាង​លិច​ឆ្ងាយ​ណាស់​ពី​ជប់រន្ធ នៅ​ភូមិ​សាស្រ្ដ​ឃុំ​អូរ​ស្វាយ»។

ចំណែក​អភិបាល​ស្រុក​ត្រពាំង​ប្រាសាទ លោក វណ្ណ កុសល បាន​មាន​ប្រសាសន៍​ថា គឺ​ជា​ព័ត៌មាន​ពិត​ប្រាកដ​ដែល​អ្នក​ភូមិ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ទាហាន​ថៃ​ បាញ់​ស្លាប់។

មន្ត្រី​ស្រុក​ដដែល​បាន​មាន​ប្រសាសន៍​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​បាន​ចូល​ព្រៃ​ជ្រៅ​ដើម្បី​រក​ជ័រ​និង​បោច​វល្លិ ​នៅ​តាម​តំបន់​ព្រំដែន​ឆ្ងាយ​ពី​ដី​ខ្មែរ ទំនង​ជា​បាន​ចូល​ទៅ​ក្នុង​ព្រំដែន​ថៃ​ដោយសារ​តែ​មិន​ស្គាល់​ព្រំដែន​ច្បាស់​ លាស់ ៖ «គាត់​ទៅ​រក​ស៊ី​បោច​វល្លិ តាម​ខ្សែ​បន្ទាត់​ហ្នឹង ហួស​ពី​ដី​យើង​ប្រហែល ១៦​-១៧​ម៉ែត្រ​អី​ហ្នឹង»។

ទោះ​យ៉ាង​ណា នៅ​ថ្ងៃ​ច័ន្ទ​នេះ​មិន​អាច​ទំនាក់​ទំនង​មន្ត្រី​យោធា​ថៃ​ប្រចាំ​តំបន់​ណា​មួយ​ដើម្បី​អធិប្បាយ​ជុំវិញ​បញ្ហា​នោះ​បាន​ទេ។

តាម​ស្រ្តី​ម្នាក់​នៅ​ភូមិ​អភិវឌ្ឍន៍​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដែល​ហាក់​ដឹង ​រឿង​រ៉ាវ​ច្បាស់​លាស់ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ថា បុរស​ឈ្មោះ លី ប៊ុនថន ដែល​ស្លាប់​ដោយសារ​គ្រាប់​កាំភ្លើង​ទាហាន​ថៃ​មាន​កូន​ចំនួន​២​នាក់​តូចៗ ហើយ​មាន​ជីវភាព​គ្រួសារ​ក្រីក្រ ជួន​ថ្ងៃ​ខ្លះ គ្មាន​អង្ករ​ដាំ​បាយ​ហូប​ទេ ដោយសារ​ជីវភាព​ក្រីក្រ​គាត់​ត្រូវ​ពួក​ឈ្មួញ​រក​ស៊ី​ឈើ​ខុស​ច្បាប់​នៅ​តំបន់ ​ទំនប់​ដាច់​ជិត​គ្នា ជួល​ឲ្យ​ចូល​ព្រៃ​តាម​ព្រំ​ដែន​ខ្មែរ​-ថៃ​ដើម្បី​កាប់​និង​ជញ្ជូន​ឈើ​គ្រញូង ​យក​មក​ឲ្យ​ពួក​គេ​ដែល​ចាំ​ទទួល។

ស្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដដែល​ថ្លែង​ដូច្នេះ​ថា ៖ «គ្នា​សុទ្ធ​តែ​អ្នក​ដាច់​ពេល ដល់​ពេល​គេ​ជួយ​ឲ្យ​ទៅ​ទម្លាក់​ឈើ​អ៊ីចឹង​ទៅ គ្នា​ទើប​ទៅ​បាន​តែ​ម្ដង មិន​ទាន់​បាន​លុយ​បាន​កាក់​អី​ផង»។

តាម​ការ​អះអាង​ពី​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ដេប៉ូ​ប្រមូល​ទិញ​ឈើ​គ្រញូង​យ៉ាង​ហោច​ណាស់ ៥​កន្លែង​នៅ​តំបន់​នោះ ខណៈ​ដែល​ឈើ​គ្រញូង​កំពុង​ត្រូវ​ប៉ាន់​និង​មាន​ការ​ដឹក​ជញ្ជូន​តាម​រថយន្ត​ ធំៗ​យ៉ាង​ផុស​ផុល​ចេញ​ពី​ព្រំដែន​ខ្មែរ​-ថៃ​ដែល​គេ​ជឿ​ថា យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​បាន​ថ្លៃ​យ៉ាង​ខ្ពស់។

សូម​រំឭក​ថា នេះ​ជា​លើក​ទី​២​ហើយ​ដែល​មាន​សេចក្តី​រាយការណ៍​ថា អ្នក​ភូមិ​ខ្មែរ​ក្រីក្រ​នៅ​តាម​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់ ដោយ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០០៧ កន្លង​មក បុរស​ខ្មែរ​ម្នាក់​ឈ្មោះ យឹម ផាត បាន​ស្លាប់​និង​ម្នាក់​ទៀត​រង​របួស ខណៈ​ដែល​នាំ​គ្នា ៦​នាក់​ចូល​ព្រៃ​តាម​ព្រំដែន​ដើម្បី​បោច​វល្លិ​នៅ​តំបន់​ព្រំដែន​ច្រក​ជាំ​ សាង៉ាំ ស្រុក​អន្លង់វែង ហើយ​ត្រូវ​ទាហាន​ថៃ​នៃ​ខេត្ត​ស៊ី​សា​កេត បាញ់​រះ​ដាក់​នោះ៕
From:

0 comments:

Post a Comment