Home » » កម្ពុជា​គាំទ្រ​វិធានការ​របស់​ចិន​ចំពោះ​ចលាចល​នៅ​ស៊ីនជាំង​-អ៊ុយហ្គួរ

កម្ពុជា​គាំទ្រ​វិធានការ​របស់​ចិន​ចំពោះ​ចលាចល​នៅ​ស៊ីនជាំង​-អ៊ុយហ្គួរ

Written By vibykhmer on Monday, July 13, 2009 | 2:07 AM

កង​កម្លាំង​ប៉ូលិស​ប្រដាប់​ដោយ​អាវុធ​ចល័ត​ចូល​ទីក្រុង Urumqi នៅ​ថ្ងៃ​ទី​៨ កក្កដា ២០០៩។

ក្រសួង​ការ​បរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះ​រាជា​ណាចក្រ​ កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ចាត់​ទុក​ថា ព្រឹត្តិការណ៍​ចលាចល​ក្នុង​តំបន់​ស្វយ័ត​ស៊ីនជាំង​-អ៊ុយហ្គួរ ក្នុង​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន គឺ​ជា​បញ្ហា​ផ្ទៃ​ក្នុង​សុទ្ធ​សាធ​របស់​ចិន។
សេចក្តី​ថ្លែង​ការណ៍​ដែល​ចុះ​ថ្ងៃ​សៅរ៍ ទី​១១ ខែ​កក្កដា​នេះ ក៏​បាន​ចាត់​ទុក​ផង​ដែរ​ថា រដ្ឋាភិបាល​ចិន​កំពុង​មាន​វិធានការ​សមស្រប​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង​នេះ និង​ស្តារ​ឡើង​វិញ​នូវ​សណ្តាប់​ធ្នាប់​សង្គម។

ទាក់ទង​នឹង​ព្រឹត្តិការណ៍​នេះ ទី​ភ្នាក់ងារ​ព័ត៌មាន​អាមេរិក Associated Press (AP) រាយការណ៍​ឲ្យ​ដឹង​ថា មក​ដល់​យប់​ថ្ងៃ​អាទិត្យ ទី​១២ ខែ​កក្កដា​នេះ ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ក្រុម​ជន​ជាតិ​ភាគ​តិច នៅ​ក្នុង​តំបន់​ស្វយ័ត​អ៊ុយហ្គួរ​-ស៊ីនជាំង ប្រទេស​ចិន បាន​បណ្តាល​ឲ្យ​ចំនួន​មនុស្ស​ស្លាប់ កើន​រហូត​ដល់ ១៨៤​នាក់ និង​អ្នក​រង​របួស​ចំនួន ១.៦៨០​នាក់។

អង្គការ​សហ​ប្រជាជាតិ សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​សហគមន៍​អន្តរជាតិ បាន​សម្ដែង​នូវ​ក្តី​បារម្ភ​ចំពោះ​ស្ថានភាព​នេះ ហើយ​បាន​អំពាវនាវ​ដល់​រដ្ឋ​អំណាច​ចិន និង​ក្រុម​ជន​ជាតិ​ភាគ​តិច​ទាំង​អស់ ឲ្យ​រក្សា​នូវ​ភាព​អត់​ធ្មត់។

ប្រធាន​សភា​តំណាងរាស្រ្ត​សហរដ្ឋ​អាមេរិក លោកស្រី Nancy Pelosi កាល​ពី​ដើម​សប្តាហ៍​មុន​បាន​ថ្លែង​ថា ព្រឹត្តិការណ៍​នៃ​អំពើ​ហិង្សា​នៅ​ក្នុង​តំបន់​ស្វយ័ត​អ៊ុយហ្គួរ​-ស៊ីនជាំង​ នេះ គឺ​បណ្តាល​មក​ពី​នយោបាយ​ដ៏​តឹងរ៉ឹង​របស់​ចិន ហើយ​ថា វា​ហួស​ពេល​ទៅ​ហើយ សម្រាប់​អ្នក​ដឹកនាំ​ចិន​ដើម្បី​ស្វែងរក​ការ​ចរចា ការ​គោរព​សិទ្ធិ​របស់​ជន​ជាតិ​ភាគ​តិច និង​ការ​យោគ​យល់​គ្នា ជាមួយ​នឹង​ក្រុម​ជន​មូស្លីម​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​ចិន៕
From:

0 comments:

Post a Comment